40. ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។
41. ព្រះបាទសូលទូលព្រះអម្ចាស់ថា៖ «ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមសម្តែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្ដេចយ៉ូណាថាន និងព្រះបាទសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។
42. ព្រះបាទសូលមានរាជឱង្ការទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងបុត្រខ្ញុំមើល៍» នោះក៏ចំលើសម្ដេចយ៉ូណាថាន។
43. ព្រះបាទសូលមានរាជឱង្ការទៅកាន់សម្ដេចយ៉ូណាថានថា៖ «ចូរប្រាប់បិតាមើល៍ តើបុត្របានធ្វើអ្វី?»។ សម្ដេចយ៉ូណាថានក៏រៀបរាប់ទូលបិតា តាមដំណើររឿង ជាហូរហែថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលទូលបង្គំកាន់។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ហើយ!»។
44. ព្រះបាទសូលមានរាជឱង្ការថា៖ «យ៉ូណាថានអើយបុត្រត្រូវតែស្លាប់? បើមិនដូច្នោះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាយ៉ាងធ្ងន់ទៅ!»។
45. ពួកទាហានទូលព្រះបាទសូលថា៖ «សម្ដេចយ៉ូណាថានមិនត្រូវសុគតឡើយ! ដ្បិតសម្ដេចទេតើដែលដណ្ដើមបានជ័យជំនះដ៏ធំធេងនេះឲ្យប្រជាជាតិអ៊ីស្រាអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសិរសារបស់សម្ដេចឡើយ ដ្បិតព្រះជាម្ចាស់បានជួយសម្ដេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្ដេចយ៉ូណាថានឲ្យរួចពីស្លាប់។
46. បន្ទាប់មក ព្រះបាទសូលឈប់ដេញតាមពួកភីលីស្ទីន ហើយពួកនោះក៏វិលត្រឡប់ទៅស្រុករបស់គេវិញ។
47. ក្រោយពេលព្រះបាទសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រាអែលហើយ ស្ដេចបានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្ដេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្ដេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។
48. ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។
49. បុត្រារបស់ព្រះបាទសូលមានយ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ព្រះបាទសូល គឺម្រ៉ាប ជាបុត្រីច្បង និងមិកាល់ ជាបុត្រីពៅ។
50. ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។