១ សាំយូ‌អែល 14:39-52 Khmer Standard Version (KHSV)

39. ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណា‌ថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។

40. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណា‌ថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។

41. ព្រះ‌បាទ​សូល​ទូល​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន និង​ព្រះ‌បាទ​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។

42. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្ដេច​យ៉ូណា‌ថាន។

43. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

44. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យ៉ូណា‌ថាន​អើយ​បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។

45. ពួក​ទាហាន​ទូល​ព្រះ‌បាទ​សូល​ថា៖ «សម្ដេច​យ៉ូណា‌ថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្ដេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង​នេះ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្ដេច​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​សម្ដេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្ដេច​យ៉ូណា‌ថាន​ឲ្យ​រួច​ពី​ស្លាប់។

46. បន្ទាប់​មក ព្រះ‌បាទ​សូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។

47. ក្រោយ​ពេល​ព្រះ‌បាទ​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ គឺ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំ‌ម៉ូន ជន‌ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន‌ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរ‌ភូមិ ស្ដេច​តែងតែ​ទទួល​ជ័យ‌ជំនះ​លើ​ពួក​គេ​ជា‌និច្ច។

48. ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់‌អាច ទ្រង់​បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក ហើយ​រំដោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លាន‌ពាន​ស្រុក​គេ។

49. បុត្រា​របស់​ព្រះ‌បាទ​សូល​មាន​យ៉ូណា‌ថាន យីសវី និង​ម៉ាល់‌គីស៊ូ‌អា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះ‌បាទ​សូល គឺ​ម្រ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។

50. ព្រះ‌ជាយា​របស់​ព្រះ‌បាទ​សូល​ព្រះ‌នាម​អហ៊ី‌ណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ី‌ម៉ាស់។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះ‌បាទ​សូល។

51. លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ី‌នើរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។

52. ក្នុង​មួយ​ជីវិត ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា និង​ទឹក​ចិត្ត​អង់‌អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​ស្ដេច។

១ សាំយូ‌អែល 14