អេសាយ 16:6-14 Khmer Standard Version (KHSV)

6. ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖«យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ពូកែ​អួត‌អាង​ខ្លាំង​ណាស់ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។

7. ប៉ុន្តែ ឥឡូវ​នេះ ជន‌ជាតិ​ម៉ូអាប់​បែរ​ជាសោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែលធ្លាប់​បរិភោគ​នៅ​គារ-‌ហារ៉ា‌សែតពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។

8. ចម្ការ​ដំណាំ​នៅ​ហេស‌បូន​ត្រូវ​ខូច​ខាត​អស់រីឯ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាសហិន‌ហោច​អស់​ដែរ។ចម្ការ​នេះ​ធ្លាប់​តែ​ផ្ដល់​ស្រា​ទំពាំង‌បាយជូរឲ្យ​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា។ចម្ការ​ទំពាំង‌បាយជូរ​នេះ​ធ្លាប់​លាត​សន្ធឹងរហូត​ដល់​យ៉ា‌ស៊ើរនិង​វារ​រហូត​ដល់​វាល​រហោ‌ស្ថានព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។

9. ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រពហេស‌បូន និង​អេឡា‌លេដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំរបស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។

10. នៅ​តាម​ចម្ការ​ដំណាំ​នោះលែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយរីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរដាក់​ក្នុង​ធុង​ទៀត​ដែរគឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

11. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាងអន្លង់‌អន្លោច ដូច​សំឡេង​ពិណព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។

12. គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅកន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗយ៉ាង​ត្រដាប‌ត្រដួសគេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈតែ​ឥត​បាន​ផល​អ្វី​សោះ។

13. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។

14. ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គម្រប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ​ជា​មួយ​ប្រជា‌ជន​ដ៏​ច្រើន​លើស‌លប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេស‌សល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​អោន»។

អេសាយ 16