1. ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថានយកទៅថ្វាយព្រះមហាក្សត្រយូដាដែលគង់នៅភ្នំស៊ីយ៉ូន!
2. ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូនជាកន្លែងទឹករាក់ដូចបក្សីដែលគេដេញចេញពីសំបុក។
3. ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖«សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំសូមចាត់វិធានការជួយយើងខ្ញុំផង។ក្នុងពេលថ្ងៃពេញកម្ដៅនេះសូមធ្វើជាម្លប់ដល់យើងខ្ញុំដូចនៅពេលយប់ដែរសូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំជ្រកកោនជាមួយបងប្អូនសូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
4. សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ជ្រកកោនជាមួយបងប្អូនផង!សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!ពេលណាចប់ការសង្កត់សង្កិននិងការសម្លាប់រង្គាលពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
5. ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យប្រកបដោយមេត្តាករុណា។ព្រះរាជានឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិតព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
6. ពេលនោះ ជនជាតិយូដាតបវិញថា៖«យើងបានឮគេនិយាយថាពួកម៉ូអាប់ពូកែអួតអាងខ្លាំងណាស់ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
7. ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជាសោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ពួកគេយំសោកស្ដាយអាហារដែលធ្លាប់បរិភោគនៅគារ-ហារ៉ាសែតពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
8. ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាសហិនហោចអស់ដែរ។ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរឲ្យមេដឹកនាំប្រជាជាតិនានា។ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹងរហូតដល់យ៉ាស៊ើរនិងវាររហូតដល់វាលរហោស្ថានព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
9. ហេតុនេះហើយបានជាយើងយំជាមួយអ្នកស្រុកយ៉ាស៊ើរស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។យើងបង្ហូរទឹកភ្នែកស្រោចស្រពហេសបូន និងអេឡាលេដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំរបស់អ្នករាល់គ្នាវិនាសហិនហោចអស់។
10. នៅតាមចម្ការដំណាំនោះលែងមានឮសម្រែកអរសប្បាយទៀតហើយរីឯក្នុងចម្ការទំពាំងបាយជូរក៏គ្មាននរណាច្រៀងដោយអំណរហើយក៏គ្មាននរណាគាបទំពាំងបាយជូរដាក់ក្នុងធុងទៀតដែរគឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
11. ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាងអន្លង់អន្លោច ដូចសំឡេងពិណព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
12. គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗយ៉ាងត្រដាបត្រដួសគេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈតែឥតបានផលអ្វីសោះ។
13. នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។
14. ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។