១ សាំយូអែល 26:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល

14. រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព និង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ

15. ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ​អី តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ដូច​ជា​ឯង​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ឯង ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ឯង​ចោល

16. ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ អញ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​ស្លាប់​ហើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​ចៅ‌ហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច និង​ក្អម​ទឹក ដែល​បាន​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នោះ​តើ​នៅ​ឯ​ណា។

17. រីឯ​សូល​ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ នេះ​ជា​សំឡេង​ទូល‌បង្គំ​មែន​ហើយ

18. រួច​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​ដូច្នេះ តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី ឬ​មាន​ទោស​យ៉ាង​ណា

19. ដូច្នេះ សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​បន្តិច បើ​សិន​ជា​គឺ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​១​ចុះ តែ​បើ​គឺ​ជា​ពួក​មនុស្ស​ជាតិ​វិញ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​មរដក​ផង​ព្រះ‌យេហូវ៉ា​ទេ​ដោយ​ថា ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ

20. ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូល‌បង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ។

21. នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ធ្វើ​បាប​ហើយ​ដាវីឌ កូន​អើយ ចូរ​មក​វិញ​ចុះ អញ​លែង​ធ្វើ​បាប​ឯង​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​អញ​បាន​ថ្លៃ​វិសេស នៅ​ភ្នែក​ឯង មើល អញ​បាន​ប្រព្រឹត្ត​ដោយ​សេចក្តី​ចំកួត ហើយ​ធ្វើ​ខុស​ជា​ខ្លាំង​ណាស់

22. ដាវីឌ​ទូល​ឆ្លើយ​ថា មើល​នែ នេះ​លំពែង​របស់​ទ្រង់ សូម​ឲ្យ​ពួក​ទ្រង់​ម្នាក់​មក​យក​ទៅ​វិញ​ចុះ

23. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​សេចក្តី​សុចរិត និង​សេចក្តី​ស្មោះ‌ត្រង់​របស់​គេ​រៀង​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ព្រះ‌ករុណា មក​ក្នុង​កណ្តាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ

24. ហើយ​ដែល​ព្រះ‌ជន្ម​នៃ​ព្រះ‌ករុណា បាន​ថ្លៃ​វិសេស​នៅ​ភ្នែក​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​យ៉ាង​ណា នោះ​សូម​ឲ្យ​ជីវិត​ទូល‌បង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ចាក​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ផង

25. នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា ដាវីឌ​កូន​អើយ សូម​ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជំនះ​ផង រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​សូល​ទ្រង់​ត្រឡប់​វិល​ទៅ​ឯ​កន្លែង​របស់​ទ្រង់​វិញ។

១ សាំយូអែល 26