5. ឯហោរាកាឌ់ក៏ជំរាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។
6. ឯសូល ទ្រង់ក៏ឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយនឹងលោក គ្រានោះ សូលទ្រង់កំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិកទ្រង់ឈរព័ទ្ធជុំវិញផង
7. ទ្រង់មានព្រះបន្ទូលទៅពួកមហាតលិក ដែលឈរជុំវិញនោះថា នែ ពួកបេនយ៉ាមីនអើយ ចូរស្តាប់អញ តើកូនអ៊ីសាយនោះនឹងចែកស្រែចំការឲ្យដល់ឯងគ្រប់គ្នាឬ តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់ ហើយលើ១០០នាក់ឬអី
8. បានជាឯងទាំងអស់គ្នាបានរួមគំនិតគិតក្បត់អញដូច្នេះ ហើយគ្មានអ្នកណាមួយប្រាប់ឲ្យអញដឹង ក្នុងកាលដែលកូនអញបានចុះសញ្ញានឹងកូនអ៊ីសាយនោះ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងអញសោះ ឬបង្ហាញឲ្យដឹង ជាកូនអញបានពន្យុះអ្នកបំរើរបស់អញ ឲ្យលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះផង
9. នោះដូអេក ជាសាសន៍អេដំម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប
10. ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
11. នោះស្តេចក៏ចាត់គេ ឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងពួកគ្រួឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកឯស្តេចទាំងអស់គ្នា
12. រួចសូលមានព្រះបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូប ឯងលោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ
13. រួចសូលទ្រង់សួរថា ហេតុអ្វីបានជាឯង និងកូនអ៊ីសាយបានរួមគំនិតទាស់នឹងអញដូច្នេះ ដោយឯងបានឲ្យអាហារ និងដាវដល់វា មកលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះ
14. អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ
15. ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្តីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបំរើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបំរើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
16. តែស្តេចទ្រង់មានព្រះបន្ទូលថា អ័ហ៊ីម៉ាលេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯង ហើយនឹងពួកគ្រួឪពុកឯងទាំងអស់គ្នាផង
17. រួចស្តេចក៏បង្គាប់ដល់ពួកដំរួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសំឡាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកដំរួតរបស់ស្តេច គេមិនព្រមលើកដៃទៅសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ