2. ហើយអស់អ្នកណាដែលមានសេចក្តីវេទនា និងអស់អ្នកណាដែលជាប់បំណុល ហើយនឹងអស់អ្នកណាដែលមានសេចក្តីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។
3. ពីទីនោះ ដាវីឌក៏ចេញទៅឯមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា
4. លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន
5. ឯហោរាកាឌ់ក៏ជំរាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។
6. ឯសូល ទ្រង់ក៏ឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយនឹងលោក គ្រានោះ សូលទ្រង់កំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិកទ្រង់ឈរព័ទ្ធជុំវិញផង
7. ទ្រង់មានព្រះបន្ទូលទៅពួកមហាតលិក ដែលឈរជុំវិញនោះថា នែ ពួកបេនយ៉ាមីនអើយ ចូរស្តាប់អញ តើកូនអ៊ីសាយនោះនឹងចែកស្រែចំការឲ្យដល់ឯងគ្រប់គ្នាឬ តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់ ហើយលើ១០០នាក់ឬអី
8. បានជាឯងទាំងអស់គ្នាបានរួមគំនិតគិតក្បត់អញដូច្នេះ ហើយគ្មានអ្នកណាមួយប្រាប់ឲ្យអញដឹង ក្នុងកាលដែលកូនអញបានចុះសញ្ញានឹងកូនអ៊ីសាយនោះ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងអញសោះ ឬបង្ហាញឲ្យដឹង ជាកូនអញបានពន្យុះអ្នកបំរើរបស់អញ ឲ្យលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះផង
9. នោះដូអេក ជាសាសន៍អេដំម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប