3. ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ាមានចិត្តរីករាយឡើង
4. ចូររកព្រះយេហូវ៉ា និងព្រះចេស្តារបស់ទ្រង់ចូររកព្រះភក្ត្រទ្រង់ជានិច្ច
5. ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើហើយពីការចំឡែក និងបញ្ញត្តទាំងប៉ុន្មានដែលចេញពីព្រះឱស្ឋទ្រង់មក
6. ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់គឺអស់ទាំងកូនចៅរបស់យ៉ាកុបជាពួកអ្នករើសតាំងរបស់ទ្រង់អើយ
7. ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ាឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី
8. ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចគឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
9. ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំនិងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង
10. ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
11. ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯងទុកជាចំណែកមរដករបស់ឯង
12. គ្រានោះ គេមានគ្នាចំនួនតិចអើ មានតិចណាស់ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13. គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14. តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើងអើ ទ្រង់បានផ្ចាលទាំងពួកស្តេចដោយយល់ដល់គេ
15. ដោយថា កុំឲ្យប៉ះពាល់នឹងអ្នកដែលអញបានចាក់ប្រេងតាំងឲ្យហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16. ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុកក៏បានផ្តាច់អស់ទាំងអាហារផង
17. ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេគឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ
18. ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណងហើយមានច្រវាក់ដែកជាប់នៅប្រាណ
19. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច