ទំនុក‌ដំកើង 105 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ

1. ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ចូរ​សំដែង​ពី​អស់​ទាំង​ការ​របស់​ទ្រង់នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន

2. ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះឲ្យ​គិត​រំពឹង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

3. ចូរ​យក​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់​ជា​ទី​អំណរ​ព្រឺ‌ព្រួច​ចុះត្រូវ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ាមាន​ចិត្ត​រីក‌រាយ​ឡើង

4. ចូរ​រក​ព្រះ‌យេហូវ៉ា និង​ព្រះ‌ចេស្តា​របស់​ទ្រង់ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

5. ត្រូវ​ឲ្យ​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើហើយ​ពី​ការ​ចំឡែក និង​បញ្ញត្ត​ទាំង​ប៉ុន្មានដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

6. ឱ​ពូជ‌ពង្ស​នៃ​អ័ប្រា‌ហាំ ជា​អ្នក​បំរើ​ទ្រង់គឺ​អស់​ទាំង​កូន​ចៅ​របស់​យ៉ាកុបជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់​អើយ

7. ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ាឯ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​នៅ​ពេញ‌ពាស​លើ​ផែនដី

8. ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ដល់​មនុស្ស​ទាំង​ពាន់​ដំណ

9. ជា​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំនិង​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក​ផង

10. ក៏​បាន​តាំង​សេចក្ដី​នោះ​ដល់​យ៉ាកុប​ទុក​ជា​ច្បាប់គឺ​ដល់​អ៊ីស្រា‌អែល សំរាប់​ជា​សេចក្ដី​សញ្ញាដ៏​នៅ​អស់‌កល្ប‌ជានិច្ច

11. ដោយ​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯងទុក​ជា​ចំណែក​មរដក​របស់​ឯង

12. គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិចអើ មាន​តិច​ណាស់ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង

13. គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត

14. តែ​ទ្រង់​មិន​បើក​ឲ្យ​អ្នក​ណា​សង្កត់‌សង្កិន​គេ​ឡើងអើ ទ្រង់​បាន​ផ្ចាល​ទាំង​ពួក​ស្តេចដោយ​យល់​ដល់​គេ

15. ដោយ​ថា កុំ​ឲ្យ​ប៉ះពាល់​នឹង​អ្នកដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យហើយ​កុំ​ឲ្យ​ប្រទូស‌រ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ

16. ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុកក៏​បាន​ផ្តាច់​អស់​ទាំង​អាហារ​ផង

17. ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេគឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ

18. ជើង​គាត់​ត្រូវ​រឹត‌រួត​ជាប់​ដោយ​ចំណងហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ

19. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​គាត់ដរាប​ដល់​កំណត់​ដែល​ពាក្យ​គាត់​បាន​សំរេច

20. ទើប​ស្តេច​បាន​ចាត់​គេ​ទៅ​ដោះ​លែង​គាត់​ចេញគឺ​ជា​អ្នក​ដែល​គ្រប់​គ្រង​លើ​សាសន៍​ផ្សេងៗ​បាន​ស្រាយ​គាត់​ឲ្យ​រួច

21. ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ​ទាំង​អស់

22. ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បានហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ស្តេចមាន​ប្រាជ្ញា

23. ឯ​អ៊ីស្រា‌អែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរគឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ

24. ព្រះ​ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃលែងព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួកដែល​តតាំង​នឹង​គេ​ផង

25. ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់

26. រួច​ទ្រង់​ចាត់​ប្រើ​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់និង​អើរ៉ុន ដែល​ទ្រង់​បាន​រើស​យក

27. លោក​ទាំង​២​នោះ​ក៏​សំដែង​ទី​សំគាល់​របស់​ទ្រង់នៅ​កណ្តាល​សាសន៍​នោះនិង​ការ​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ

28. ទ្រង់​ចាត់​ប្រើ​សេចក្ដី​ងងឹត​មក​បណ្តាល​ឲ្យ​ស្រុក​ងងឹត​ទៅលោក​មិន​បាន​ទទឹង​នឹង​ព្រះ‌បន្ទូល​របស់​ទ្រង់​ទេ

29. ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ​ត្រឡប់​ទៅ​ជា​ឈាមហើយ​ឲ្យ​ត្រី​ទាំង​អស់​ស្លាប់​ទៅ

30. ស្រុក​គេ​មាន​ដេរ‌ដាស​ទៅ​ដោយ​កង្កែបរហូត​ដល់​ទៅ​ក្នុង​បន្ទប់​នៃ​ស្តេច​ផង

31. ទ្រង់​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​មកក៏​មាន​ចៃ​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​គេ

32. ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ព្រិល​ជំនួស​ភ្លៀងហើយ​ភ្លើង​ក៏​ឆេះ​នៅ​ក្នុង​ស្រុក​គេ

33. ទ្រង់​បាន​វាយ​អស់​ទាំង​ដើម​ទំពាំង‌បាយ‌ជូរនិង​ដើម​ល្វា​របស់​គេក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ព្រំ​ទី​របស់​គេ

34. ទ្រង់​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​មកព្រម​ទាំង​ចង្រិត​ឥត​គណនា

35. សត្វ​ទាំង​នោះ​បាន​ស៊ី​អស់​ទាំង​ដំណាំ​ក្នុង​ស្រុកក៏​ស៊ី​ទាំង​ផល​កើត​ពី​ដី​របស់​គេ​ដែរ

36. ទ្រង់​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក​គេគឺ​ជា​ដើម​កំឡាំង​របស់​គេ​ទាំង​ប៉ុន្មាន

37. ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មកមាន​ជាប់​ទាំង​ប្រាក់​នឹង​មាស​ផងឯ​ក្នុង​អស់​ទាំង​ពូជ​អំបូរ​នោះ គ្មាន​អ្នក​ណា​មួយគ្រាក‌ចិត្ត​ឡើយ

38. កាល​គេ​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ពួក​សាសន៍អេស៊ីព្ទ​ក៏​អរ​សប្បាយដ្បិត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង

39. ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់

40. គេ​ទូល​សូម នោះ​ទ្រង់​ក៏​នាំ​ហ្វូង​ក្រួច​មកហើយ​បាន​ចំអែត​គេ ដោយ​អាហារ​នៃ​ស្ថាន‌សួគ៌

41. ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មកហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ

42. ដ្បិត​ទ្រង់​បាន​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ហើយ​ពី​អ័ប្រា‌ហាំ ជា​អ្នក​បំរើ​ទ្រង់​ដែរ

43. ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក ដោយ​សេចក្ដី​រីក‌រាយគឺ​ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់ ដោយ​ច្រៀង​បណ្តើរ

44. ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេគេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះទុក​ជា​របស់​ផង​ខ្លួន

45. ដើម្បី​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ផងចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។