11. ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯងទុកជាចំណែកមរដករបស់ឯង
12. គ្រានោះ គេមានគ្នាចំនួនតិចអើ មានតិចណាស់ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13. គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14. តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើងអើ ទ្រង់បានផ្ចាលទាំងពួកស្តេចដោយយល់ដល់គេ
15. ដោយថា កុំឲ្យប៉ះពាល់នឹងអ្នកដែលអញបានចាក់ប្រេងតាំងឲ្យហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16. ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុកក៏បានផ្តាច់អស់ទាំងអាហារផង
17. ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេគឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ
18. ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណងហើយមានច្រវាក់ដែកជាប់នៅប្រាណ
19. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច
20. ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញគឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច
21. ក៏បានតាំងគាត់ឡើង ឲ្យធ្វើជាម្ចាស់លើដំណាក់ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់
22. ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបានហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេចមានប្រាជ្ញា
23. ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរគឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
24. ព្រះទ្រង់ក៏ចំរើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែងព្រមទាំងឲ្យមានកំឡាំងលើសជាងពួកដែលតតាំងនឹងគេផង
25. ទ្រង់បានបំផ្លាស់បំប្រែចិត្តសាសន៍នោះឲ្យស្អប់ដល់រាស្ត្រទ្រង់វិញឲ្យគេបានប្រព្រឹត្តដោយកិច្ចកលចំពោះពួកបំរើទ្រង់
26. រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបំរើទ្រង់និងអើរ៉ុន ដែលទ្រង់បានរើសយក