23. នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយដូចប្រជាជាតិអ៊ីស្រាអែលទេ គឺព្រះអង្គបានទៅរំដោះពួកគេមកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ព្រះអង្គបានសម្តែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះអង្គ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។
24. ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេដែរ។
25. បពិត្រព្រះជាអម្ចាស់ ឥឡូវនេះ សូមឲ្យព្រះបន្ទូលដែលព្រះអង្គសន្យាចំពោះទូលបង្គំ និងកូនចៅរបស់ទូលបង្គំ នៅស្ថិតស្ថេររហូតតទៅ ហើយសូមទ្រង់សម្រេចតាមព្រះបន្ទូលនេះផង។
26. សូមឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ រហូតតទៅផង។
27. បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល! ព្រះអង្គបានប្រោសឲ្យទូលបង្គំដឹងអំពីគម្រោងការ ដែលព្រះអង្គសព្វព្រះហឫទ័យនឹងតែងតាំងពូជពង្សរបស់ទូលបង្គំ ឲ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។
28. បពិត្រព្រះជាអម្ចាស់! មានតែព្រះអង្គទេជាព្រះជាម្ចាស់ សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គមានព្រះបន្ទូលសុទ្ធតែពិត ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលមកទូលបង្គំ។
29. ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ។ ព្រះជាអម្ចាស់អើយ! សូមប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះពួកគេនឹងទទួលព្រះពរអស់កល្បជានិច្ច»។