២ សាំយូ‌អែល 7:22-29 Khmer Standard Version (KHSV)

22. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​ទេ។ តាម​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះ‌អង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។

23. នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌ជាតិ​ណា​មួយ​ដូច​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ព្រះ‌អង្គ​បាន​ទៅ​រំដោះ​ពួក​គេ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រម​ទាំង​ប្រទាន​ឲ្យ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះទៀត​ផង។ ព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ស្រុក​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឃើញ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ពី​កណ្ដាប់​ដៃ​របស់​ប្រជា‌ជាតិ និង​ព្រះ​របស់​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

24. ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ពង្រឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ​ដែរ។

25. បពិត្រ​ព្រះ‌ជា‌អម្ចាស់ ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​របស់​ទូលបង្គំ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​សូម​ទ្រង់​សម្រេច​តាម​ព្រះ‌បន្ទូល​នេះ​ផង។

26. សូម​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ឧត្តុង្គ‌ឧត្ដម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ រហូត​ត​ទៅ​ផង។

27. បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិ‌ស្ឋាន​នេះ​ថ្វាយ​ព្រះ‌អង្គ។

28. បពិត្រ​ព្រះ‌ជា‌អម្ចាស់! មាន​តែ​ព្រះ‌អង្គ​ទេ​ជា​ព្រះ‌ជាម្ចាស់ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​មក​ទូលបង្គំ។

29. ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ត​រៀង​ទៅ។ ព្រះ‌ជា‌អម្ចាស់​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង នោះ​ពួក​គេ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជា‌និច្ច»។

២ សាំយូ‌អែល 7