29. ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
30. បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។
31. ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។
32. ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមកុំនឹកស្មានថាគេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្ដេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្ដេចអាំណូនបានរំលោភលើរូបព្រះនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។
33. ហេតុនេះ សូមព្រះករុណាកុំនឹកស្មានថា បុត្រារបស់ព្រះករុណាត្រូវសុគតអស់នោះឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត»។
34. សម្ដេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។