28. សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនឲ្យជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។
29. ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
30. បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។
31. ពេលនោះ ព្រះរាជាហែកសម្លៀកបំពាក់ ហើយផ្ទំផ្ទាល់នឹងដី។ មន្ត្រីទាំងអស់នាំគ្នាឈរជុំវិញស្ដេច ទាំងហែកសម្លៀកបំពាក់ដែរ។
32. ប៉ុន្តែ លោកយ៉ូណាដាប់ ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមកុំនឹកស្មានថាគេធ្វើគុតបុត្រាទាំងអស់របស់ព្រះករុណាឡើយ គឺមានតែសម្ដេចអាំណូនម្នាក់ប៉ុណ្ណោះដែលសុគត ដ្បិតសម្ដេចអាប់សាឡុមបានសម្រេចចិត្តធ្វើដូច្នេះ តាំងពីថ្ងៃដែលសម្ដេចអាំណូនបានរំលោភលើរូបព្រះនាងតាម៉ារ ជាប្អូនស្រីម៉្លេះ។