1. ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាលើកសម្ដេចអហាស៊ីយ៉ា ជាបុត្រពៅរបស់ព្រះបាទយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជនជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុកលុយស្រុក។ ហេតុនេះហើយបានជាព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។
2. ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាចៅរបស់ព្រះបាទអូមរី។
3. ព្រះបាទអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សព្រះបាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្ដេចឲ្យប្រព្រឹត្តអំពើអាក្រក់។
4. ស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជវង្សរបស់ព្រះបាទអហាប់ជួយគំនិតព្រះបាទអហាស៊ីយ៉ា ដែលជំរុញឲ្យស្ដេចត្រូវវិនាស។
5. ស្ដេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ ស្ដេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពេលនោះ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមរបួស។
6. ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅក្រុងរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះបាទហាសែល ស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយីសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។
7. ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូវជាស្ដេច ដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអហាប់។