ព្រះបាទអហាស៊ីយ៉ាយាងទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដូច្នេះ មកពីព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើឲ្យព្រះបាទអហាស៊ីយ៉ាវិនាស។ ពេលទៅដល់ ព្រះបាទអហាស៊ីយ៉ាយាងទៅជាមួយព្រះបាទយ៉ូរ៉ាម ដើម្បីជួបនឹងលោកយេហ៊ូវ ជាកូនរបស់លោកនីមស៊ី។ មុននោះ ព្រះអម្ចាស់បានចាក់ប្រេងអភិសេកលោកយេហ៊ូវជាស្ដេច ដើម្បីឲ្យលោករំលាយរាជវង្សព្រះបាទអហាប់។