1. លោកសាំយូអែលក៏នាំយកព្រះបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។
2. ជនជាតិភីលីស្ទីនតំរៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រាអែល និងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។
3. ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះអម្ចាស់បណ្ដោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើងពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ»។
4. គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលគង់នៅលើពួកចេរូប៊ីន*។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ដែរ។
5. ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជយឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។
6. កាលពួកភីលីស្ទីនឮសម្រែកជយឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វីបានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់ព្រះអម្ចាស់មកដល់ជំរំហើយ។
7. ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។
8. យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីបឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។
9. ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។