17. ព្រះអម្ចាស់ប្រព្រឹត្តចំពោះព្រះករុណា ស្របតាមព្រះបន្ទូល ដែលទូលបង្គំទូលថ្វាយរួចស្រេចហើយ។ ព្រះអង្គបានដកហូតយករាជសម្បត្តិពីព្រះករុណា ដើម្បីប្រគល់ទៅឲ្យលោកដាវីឌ
18. ដ្បិតព្រះករុណាពុំបានគោរពតាមព្រះបន្ទូលរបស់ព្រះអង្គទេ គឺព្រះករុណាពុំបានបំផ្លាញជនជាតិអាម៉ាឡេក តាមព្រះពិរោធរបស់ព្រះអម្ចាស់ឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះព្រះករុណានៅថ្ងៃនេះ។
19. ព្រះអម្ចាស់នឹងប្រគល់ព្រះករុណា ព្រមទាំងអ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែក ព្រះករុណា ព្រមទាំងបុត្រារបស់ព្រះករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះអម្ចាស់នឹងប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។
20. រំពេចនោះ ព្រះបាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូអែលធ្វើឲ្យស្ដេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះបាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះស្ងោយមួយថ្ងៃមួយយប់មកហើយ។
21. ស្ត្រីនោះក៏ចូលទៅជិតស្ដេច ឃើញថា ទ្រង់ភ័យតក់ស្លុតយ៉ាងខ្លាំង។ ដូច្នេះ នាងទូលស្ដេចថា៖ «ខ្ញុំម្ចាស់បានគោរពតាមបញ្ជារបស់ព្រះករុណាហើយ។ ខ្ញុំម្ចាស់ប្រថុយជីវិតដោយធ្វើតាមសំណូមពររបស់ព្រះករុណា។
22. ឥឡូវនេះ សូមស្ដាប់ខ្ញុំម្ចាស់សិន សូមរាជានុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំព្រះស្ងោយថ្វាយព្រះករុណា ដើម្បីឲ្យព្រះករុណាសោយ ហើយមានកម្លាំងបន្តដំណើរទៅមុខទៀត»។
23. ព្រះបាទសូលប្រកែកមិនព្រមសោយទេ តែដោយពួករាជបម្រើ និងស្ត្រីនោះ ទទូចអង្វរពេក ស្ដេចក៏យល់ព្រម។ ស្ដេចក្រោកពីដី ឡើងទៅគង់លើគ្រែ។
24. ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។
25. បន្ទាប់មក នាងលើកម្ហូបអាហារមកថ្វាយព្រះបាទសូល និងរាជបម្រើ។ ក្រោយមក ស្ដេចក្រោកឡើង ចេញដំណើរជាមួយរាជបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។