34. បន្ទាប់មក ស្ដេចមានរាជឱង្ការទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យនាំគោ និងចៀមរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅលើថ្មនេះ រួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅទីកន្លែងនោះ។
35. ព្រះបាទសូលបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ គឺជាអាសនៈដំបូងបង្អស់ដែលស្ដេចសង់ថ្វាយព្រះអម្ចាស់។
36. ព្រះបាទសូលមានរាជឱង្ការថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេ រហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានទូលស្ដេចវិញថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ប៉ុន្តែ លោកបូជាចារ្យមានប្រសាសន៍ថា៖ «យើងគួរតែទូលសួរព្រះជាម្ចាស់សិន»។
37. ព្រះបាទសូលទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំអាចដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកនោះមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះជាម្ចាស់ពុំមានព្រះបន្ទូលឆ្លើយតបឡើយ។
38. ព្រះបាទសូលមានរាជឱង្ការថា៖ «សុំអស់លោកដែលជាមេដឹកនាំរបស់ប្រជាជនអញ្ជើញចូលមក! សុំអស់លោកពិនិត្យឲ្យម៉ត់ចត់មើល តើថ្ងៃនេះ ពួកយើងបានប្រព្រឹត្តអំពើបាបអ្វី?
39. ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះសង្គ្រោះជនជាតិអ៊ីស្រាអែលថា បើអ្នកណាម្នាក់ប្រព្រឹត្តខុស អ្នកនោះនឹងមានទោសដល់ជីវិត ទោះបីយ៉ូណាថានជាបុត្ររបស់ខ្ញុំក៏ដោយ»។ នៅក្នុងជួរទ័ពទាំងមូល គ្មាននរណាម្នាក់ឆ្លើយតបទេ។
40. ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។
41. ព្រះបាទសូលទូលព្រះអម្ចាស់ថា៖ «ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមសម្តែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្ដេចយ៉ូណាថាន និងព្រះបាទសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។