28. ពេលនោះ ទាហានម្នាក់ទូលសម្ដេចយ៉ូណាថានថា៖ «បិតារបស់សម្ដេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្ដាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។
29. សម្ដេចយ៉ូណាថានពោលថា៖ «បិតារបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។
30. ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។
31. នៅថ្ងៃនោះ ពួកគេវាយប្រហារពួកភីលីស្ទីនចាប់តាំងពីមីកម៉ាស់ រហូតដល់អាយ៉ាឡូន។ ពួកទាហានមានការហេវហត់យ៉ាងខ្លាំង
32. ក៏ស្ទុះតម្រង់ទៅរកជយភ័ណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោ មកចាក់កសម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម។
33. មានគេទូលព្រះបាទសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «អ្នករាល់គ្នាក្បត់ព្រះអម្ចាស់ហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំមកឲ្យខ្ញុំភ្លាម»។
34. បន្ទាប់មក ស្ដេចមានរាជឱង្ការទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យនាំគោ និងចៀមរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅលើថ្មនេះ រួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយចាក់កសម្លាប់នៅទីកន្លែងនោះ។
35. ព្រះបាទសូលបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ គឺជាអាសនៈដំបូងបង្អស់ដែលស្ដេចសង់ថ្វាយព្រះអម្ចាស់។
36. ព្រះបាទសូលមានរាជឱង្ការថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេ រហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានទូលស្ដេចវិញថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ប៉ុន្តែ លោកបូជាចារ្យមានប្រសាសន៍ថា៖ «យើងគួរតែទូលសួរព្រះជាម្ចាស់សិន»។