១ សាំយូ‌អែល 14:26-39 Khmer Standard Version (KHSV)

26. ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។

27. សម្ដេច​យ៉ូណា‌ថាន​ពុំ​ដឹង​ថា បិតា​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់‌បស់។

28. ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណា‌ថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​ឲ្យ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវ‌ហត់​ទាំង​អស់​គ្នា»។

29. សម្ដេច​យ៉ូណា‌ថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​ឲ្យ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។

30. ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរា‌ជ័យ​ធ្ងន់‌ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។

31. នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីក‌ម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ‌ហត់​យ៉ាង​ខ្លាំង

32. ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជយ‌ភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម។

33. មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អម្ចាស់​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​មក​ឲ្យ​ខ្ញុំ​ភ្លាម»។

34. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។

35. ព្រះ‌បាទ​សូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្ដេច​សង់​ថ្វាយ​ព្រះ‌អម្ចាស់។

36. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សម្រេច​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌ករុណា​ចុះ»។ ប៉ុន្តែ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះ‌ជាម្ចាស់​សិន»។

37. ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ឡើយ។

38. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​ឲ្យ​ម៉ត់‌ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?

39. ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ‌សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណា‌ថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។

១ សាំយូ‌អែល 14