១ ពង្សា‌វតារ‌ក្សត្រ 11:17-23 Khmer Standard Version (KHSV)

17. គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន‌ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក។

18. ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។

19. លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។

20. ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូ‌បាត ជូន​លោក​ហាដាឌ។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស​យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង​ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។

21. នៅ​ស្រុក​អេស៊ីប លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដាវីឌ​សោយ‌ទិវង្គត ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ទទួល​មរណ‌ភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះ‌ករុណា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។

22. ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។

23. ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​លោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។

១ ពង្សា‌វតារ‌ក្សត្រ 11