15. នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចំបាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
16. លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
17. គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ លោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោក។
18. ពួកគេចាកចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីឲ្យលោកទៀតផង។
19. លោកហាដាឌបានទទួលការប្រោសប្រណីពីព្រះចៅផារ៉ោន។ ស្ដេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេស ឲ្យធ្វើជាភរិយារបស់លោកផង។
20. ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសបង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាត ជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាផ្នេសយកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំងជាមួយបុត្ររបស់ព្រះចៅផារ៉ោន។
21. នៅស្រុកអេស៊ីប លោកហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។
22. ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀត បានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាតឲ្យទូលបង្គំចាកចេញទៅផង!»។
23. ព្រះជាម្ចាស់បានបណ្ដាលឲ្យលោករេសោន ជាកូនរបស់លោកអេលីយ៉ាដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ព្រះបាទសាឡូម៉ូន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺព្រះបាទហាដា-រេស៊ើរ ជាស្ដេចស្រុកសូបា។
24. គាត់បានប្រមែប្រមូលមនុស្សឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។
25. លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រាអែល អស់មួយរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រាអែលដែរ។ ព្រះបាទរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រាអែល។