6. តាំងពីកើតមក បិតាមិនដែលស្ដីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាបុត្រប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្ដេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាបុត្រមួយអង្គ ដែលប្រសូតបន្ទាប់ពីសម្ដេចអាប់សាឡុម។
7. សម្ដេចអដូនីយ៉ាបានពិភាក្សាជាមួយលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាមួយលោកបូជាចារ្យអបៀថើរ។ លោកទាំងពីរក៏រួមគំនិតជាមួយសម្ដេចអដូនីយ៉ា។
8. ផ្ទុយទៅវិញ លោកបូជាចារ្យសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាព្យាការីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មិនបានចូលរួមជាមួយសម្ដេចអដូនីយ៉ាទេ។
9. ថ្ងៃមួយ សម្ដេចអដូនីយ៉ាបានរៀបចំពិធីបុណ្យមួយ នៅ “ថ្មសូហេលែត” ជិតអេនរូកែល ដោយសម្លាប់ចៀម និងគោ ព្រមទាំងកូនគោបំប៉ន ធ្វើយញ្ញបូជានៅទីនោះ។ សម្ដេចយាងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ និងអញ្ជើញមេទ័ពទាំងអស់នៅស្រុកយូដា ដែលជាអ្នកបម្រើរបស់ព្រះរាជា មកចូលរួមក្នុងពិធីបុណ្យនោះ។
10. ប៉ុន្តែ សម្ដេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្ដេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។
11. ពេលនោះ លោកណាថានពោលទៅកាន់នាងបាតសេបា ជាមាតារបស់សម្ដេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្ដេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីត បានតាំងខ្លួនធ្វើជាស្ដេច ប៉ុន្តែ ព្រះបាទដាវីឌជាអម្ចាស់របស់យើងមិនបានជ្រាបទេ។
12. ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្ដេចសាឡូម៉ូន ជាបុត្ររបស់នាង។