១ ពង្សា‌វតារ‌ក្សត្រ 1:1-12 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​មាន​ព្រះ‌ជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​ព្រះ‌ភូសា​ឲ្យ​ស្ដេច​ច្រើន​ជាន់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​ពុំ​អាច​កក់​ក្ដៅ​ដែរ។

2. ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​មួយ​រូប​មក​ថ្វាយ​ព្រះ‌ករុណា។ នាង​នៅ​បម្រើ និង​មើល​ថែ‌ទាំ​ព្រះ‌ករុណា ហើយ​នាង​ដេក​នៅ​ក្បែរ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់‌ក្ដៅ»។

3. ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ថ្វាយ​ស្ដេច។

4. ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​គាល់​បម្រើ​ព្រះ‌រាជា តែ​ព្រះ‌រាជា​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។

5. នៅ​គ្រា​នោះ សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​ហាគីត បាន​លើក​ខ្លួន​ឡើង ទាំង​ពោល​ថា៖ «ខ្ញុំ​នឹង​ឡើង​សោយ​រាជ្យ!»។ សម្ដេច​អដូ‌នី‌យ៉ា​រក​បាន​រទេះ​មួយ និង​សេះ​មួយ​ចំនួន ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់​សម្រាប់​រត់​ពី​មុខ។

6. តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្ដី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្ដេច​អដូ‌នី‌យ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្ដេច​អាប់‌សា‌ឡុម។

7. សម្ដេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ។ លោក​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា។

8. ផ្ទុយ​ទៅ​វិញ លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទេ។

9. ថ្ងៃ​មួយ សម្ដេច​អដូ‌នី‌យ៉ា​បាន​រៀប‌ចំ​ពិធី​បុណ្យ​មួយ នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូកែល ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ។ សម្ដេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌រាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។

10. ប៉ុន្តែ សម្ដេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​នាយ​ទាហាន​ដ៏​អង់‌អាច និង​យាង​សម្ដេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។

11. ពេល​នោះ លោក​ណាថាន​ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​នាង​ហាគីត បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។

12. ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។

១ ពង្សា‌វតារ‌ក្សត្រ 1