14. កាលពីមុនព្រះចៅនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្ដេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។
15. ស្ដេចក៏បានបង្គាប់ឲ្យលោកយកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។
16. ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
17. ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ សូមឲ្យគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្ដេចស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាឲ្យសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចអំពីរឿងនេះមកយើងខ្ញុំផង»។