អែសរ៉ា 5:10-17 Khmer Standard Version (KHSV)

10. យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ចការ​នោះ យក​មក​ថ្វាយ​ព្រះ‌ករុណា។

11. ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ* និង​ផែនដី ពួក​យើង​សង់​ព្រះ‌ដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះ‌ដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​សង់ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ។

12. ប៉ុន្តែ ដូនតា​របស់​ពួក​យើង​បាន​ធ្វើ​ឲ្យ​ព្រះ​នៃ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌ពិរោធ ហើយ​ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ជន‌ជាតិ​ខាល់ដេ និង​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។

13. ប៉ុន្តែ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​បាន​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ។

14. កាល​ពី​មុន​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន។ ក្រោយ​មក ព្រះចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសារ ដែល​ស្ដេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។

15. ស្ដេច​ក៏​បាន​បង្គាប់​ឲ្យ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

16. ដូច្នេះ លោក​សេស‌បាសារ​បាន​មក​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះ‌ដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។

17. ឥឡូវ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។

អែសរ៉ា 5