1. ព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។
2. គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
3. គ្រាដដែលនោះ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថារ-បូសណាយ ព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដា ហើយសួរថា៖ «តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។
4. ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះឲ្យយើងមក!»។
5. ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។
6. សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើថ្វាយព្រះចៅដារីយូស
7. មានសេចក្ដីដូចតទៅ៖ «សូមថ្វាយចំពោះព្រះចៅដារីយូស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចម្រើន!
8. សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។
9. យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា “តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។