1. អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូននិងអស់អ្នកដែលរស់យ៉ាងសុខស្រួលនៅលើភ្នំសាម៉ារីអើយអ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នាធ្វើជាបង្អែក។
2. ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគររួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន!តើក្រុងទាំងនោះចម្រុងចម្រើនជាងនគររបស់អ្នករាល់គ្នាឬ?តើទឹកដីរបស់គេធំទូលាយជាងទឹកដីរបស់អ្នករាល់គ្នាឬ?
3. អ្នករាល់គ្នាចង់ពន្យារពេលកុំឲ្យថ្ងៃវេទនាខិតចូលមកដល់តែអ្នករាល់គ្នាបែរជាធ្វើឲ្យរាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
4. អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុកអ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំបរិភោគសាច់ចៀម និងកូនគោបំប៉ន។
5. អ្នករាល់គ្នាប្រឹងច្រៀងឡូឡាទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចដាវីឌ។
6. អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗអ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃតែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាសរបស់កូនចៅលោកយ៉ូសែបទេ។
7. ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នានឹងលែងស្គាល់ការសប្បាយទៀតហើយ។
8. ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖«យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុបយើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេយើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
9. ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។
10. ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ!
11. ព្រះអម្ចាស់ចេញបញ្ជានោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។
12. តើគេដែលបំបោលសេះលើផ្ទាំងថ្មឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬបានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌ប្រែជាមានជាតិពិសនិងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
13. អ្នករាល់គ្នាអួតថា ខ្លួនដណ្ដើមយកបានក្រុងឡូដាបាហើយអ្នករាល់គ្នាពោលថា“ពួកយើងវាយយកបានក្រុងកាណាអ៊ីមដោយសារឫទ្ធិអំណាចរបស់ពួកយើង”
14. ពូជពង្សអ៊ីស្រាអែលអើយយើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើងសង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។