9. ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ចំពោះអ្នកខ្លាំងពូកែហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10. ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
11. អ្នករាល់គ្នាជិះជាន់ជនទុគ៌តហើយរឹបអូសយកស្រូវរបស់គេហេតុនេះហើយបានជាអ្នករាល់គ្នានឹងមិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃដែលអ្នករាល់គ្នាបានសង់នោះទេ។អ្នករាល់គ្នាក៏ពុំអាចផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
12. «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតជាច្រើនហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរអ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិតអ្នករាល់គ្នាទទួលសំណូកហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
13. បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាកហេតុនេះហើយបានជាអ្នកមានប្រាជ្ញាសុខចិត្តនៅស្ងៀម»។
14. ចូរខិតខំស្វែងរកអំពើល្អកុំស្វែងរកអំពើអាក្រក់ឡើយនោះអ្នករាល់គ្នានឹងមានជីវិតហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលនឹងគង់នៅជាមួយអ្នករាល់គ្នាដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
15. ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជាអាណិតអាសូរដល់ពូជពង្សលោកយ៉ូសែបដែលនៅសេសសល់។
16. ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូលមានព្រះបន្ទូលថា៖«មនុស្សម្នានឹងសោកសង្រេងនៅតាមទីសាធារណៈទាំងអស់គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានាគេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខហើយហៅអ្នកដែលចេះយំរៀបរាប់ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
17. ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នាមនុស្សម្នានឹងសោកសង្រេងនៅតាមចម្ការទំពាំងបាយជូរទាំងអស់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់អ្នកនោះមុខជាវេទនាពុំខាន!តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់?ថ្ងៃនោះជាថ្ងៃងងឹតអន្ធការគឺមិនមែនថ្ងៃដែលមានពន្លឺទេ។
19. ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំពេលរត់ទៅដល់ផ្ទះវិញគាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
20. ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹតមិនមែនជាថ្ងៃមានពន្លឺទេជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។