យ៉ូហាន 4:34-52 Khmer Standard Version (KHSV)

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​សម្រេច។

35. អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។

36. អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជា‌និច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា

37. ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។

38. ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។

39. ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ ដោយ‌សារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។

40. ហេតុ​នេះ​ហើយ​បាន​ជា​កាល​ជន‌ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះ‌អង្គ គេ​អង្វរ​សូម​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ ព្រះ‌អង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។

41. មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​ព្រះ‌អង្គ ដោយ​បាន​ឮ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ផ្ទាល់។

42. ពួក​គេ​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​មែន»។

43. ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។

44. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។

45. លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​សម្តែង ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្លង*​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។

46. ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយជូរ។នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់​មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។

47. កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះ‌អង្គ ទូល‌អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​បាន​ជា​សះ‌ស្បើយ។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សម្គាល់ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។

49. មន្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។

51. ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។

52. លោក​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។

យ៉ូហាន 4