យេរេមា 50:24-39 Khmer Standard Version (KHSV)

24. បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នកហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួនពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាមព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះ‌អង្គហើយ​យក​គ្រឿង​សស្ត្រា‌វុធនៃ​ព្រះ‌ពិរោធ​ចេញ​មកដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើគ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។

26. ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដីដើម្បី​វាយ​ប្រហារ​បាប៊ី‌ឡូនចូរ​បើក​ជង្រុក​របស់​ពួក​គេចូរ​កម្ទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់កុំ​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ។

27. ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត!ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខានដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្មមក​ដល់​ហើយ។

28. ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុងបាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ទ្រង់​សង‌សឹក​ហើយគឺ​ព្រះ‌អង្គ​សង‌សឹក​ពួក​បាប៊ី‌ឡូនព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ!

29. ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ី‌ឡូនចូរ​បោះ​ទ័ព​ជុំ‌វិញ​ក្រុង​នេះកុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ចូរ​សង​ពួក​បាប៊ី‌ឡូន​វិញ តាម​អំពើ​របស់​ពួក​គេពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណាចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរដ្បិត​ពួក​គេ​វាយ‌ឫក​ព្រហើន​ដាក់​ព្រះ‌អម្ចាស់ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

30. «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នោះយុវជន​របស់​ពួក​គេ​ដួល​ស្លាប់​នៅ​តាម​ផ្លូវរីឯ​ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31. ក្រុង​បាប៊ី‌ឡូន​ដ៏​ព្រហើន​អើយយើង​នឹង​ដាក់​ទោស​អ្នកថ្ងៃ​ដែល​អ្នក​ទទួល​ទារុណ‌កម្ម​មក​ដល់​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

32. ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួលគ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេយើង​ដុត​កម្ទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ី‌ឡូនហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី»។

33. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដាត្រូវ​បាប៊ី‌ឡូន​សង្កត់‌សង្កិន​រួម​ជា​មួយ​គ្នាអស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយនៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែលមិន​ព្រម​លែង​ពួក​គេ​ឡើយ»។

34. ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេទ្រង់​ប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ព្រះ‌អង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យអ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។

35. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​យក​ដាវ​ទៅ​ប្រហារ​ជន‌ជាតិ​ខាល់ដេអ្នក​ក្រុង​បាប៊ី‌ឡូនព្រម​ទាំង​មន្ត្រី និង​អ្នក​ប្រាជ្ញ​របស់​ពួក​គេ។

36. ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ!អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកល‌ចរិត!ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏ខ្លាំង​ពូកែ​របស់​ពួក​គេអ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ!

37. ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះនិង​រទេះ​ចំបាំង​របស់​ពួក​គេហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំងរួម​ជា​មួយ​ពួក​គេ​ដែរ!អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី!ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ!

38. ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេឲ្យ​រីង​ស្ងួត!ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមាពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោងដ៏​គំរក់​របស់​ខ្លួន។

39. ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវនាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះសត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរគ្មាន​មនុស្ស​រស់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

យេរេមា 50