21. «ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែមវាយលុកអ្នកស្រុកពេកូដចូរកម្ទេច និងប្រហារពួកគេឥតទុកឲ្យនៅសល់អ្វីឡើយចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើងបានបង្គាប់ដល់អ្នក»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
22. នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាមនិងមហន្តរាយ។
23. បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេចផែនដីទាំងមូលបែរជាបាក់បែកខ្ទេចខ្ទីអស់!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
24. បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នកហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួនពេលគេឃើញអ្នក គេចាប់យកភ្លាមព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
25. ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គហើយយកគ្រឿងសស្ត្រាវុធនៃព្រះពិរោធចេញមកដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើគ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
26. ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដីដើម្បីវាយប្រហារបាប៊ីឡូនចូរបើកជង្រុករបស់ពួកគេចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
27. ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះដូចគោដែលគេសម្លាប់នៅទីសត្តឃាត!ពួកគេមុខជាវេទនាពុំខានដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្មមកដល់ហើយ។
28. ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុងបាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា ព្រះអម្ចាស់ ជាព្រះនៃយើង ទ្រង់សងសឹកហើយគឺព្រះអង្គសងសឹកពួកបាប៊ីឡូនព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ!
29. ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូនចូរបោះទ័ពជុំវិញក្រុងនេះកុំឲ្យនរណាម្នាក់រត់រួចឡើយ។ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណាចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
30. «ហេតុនេះហើយបានជានៅថ្ងៃនោះយុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវរីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. ក្រុងបាប៊ីឡូនដ៏ព្រហើនអើយយើងនឹងដាក់ទោសអ្នកថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។