16. ចូរកុំទុកឲ្យមានអ្នកសាបព្រោះឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូនទៀតឡើយ។រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេចពីមុខដាវរបស់កងទ័ពដែលមកវាយលុកហើយម្នាក់ៗវិលទៅរកប្រជាជននិងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
17. អ៊ីស្រាអែលប្រៀបបាននឹងចៀមវង្វេងដែលត្រូវហ្វូងសិង្ហដេញខាំមុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រាអែលបន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រាអែល។
18. ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖«យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ីឡូននិងស្រុករបស់គេដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។
19. យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យវិលត្រឡប់មកស្រុករបស់ខ្លួនវិញពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសានហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
20. នៅគ្រានោះ គេរកមើលកំហុសរបស់ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយរីឯអំពើបាបរបស់ជនជាតិយូដាក៏ពុំឃើញមានទៀតដែរដ្បិតយើងលើកលែងទោសអស់អ្នកដែលយើងទុកឲ្យនៅសេសសល់ពីស្លាប់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. «ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែមវាយលុកអ្នកស្រុកពេកូដចូរកម្ទេច និងប្រហារពួកគេឥតទុកឲ្យនៅសល់អ្វីឡើយចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើងបានបង្គាប់ដល់អ្នក»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
22. នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាមនិងមហន្តរាយ។
23. បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេចផែនដីទាំងមូលបែរជាបាក់បែកខ្ទេចខ្ទីអស់!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
24. បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នកហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួនពេលគេឃើញអ្នក គេចាប់យកភ្លាមព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
25. ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គហើយយកគ្រឿងសស្ត្រាវុធនៃព្រះពិរោធចេញមកដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើគ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
26. ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដីដើម្បីវាយប្រហារបាប៊ីឡូនចូរបើកជង្រុករបស់ពួកគេចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
27. ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះដូចគោដែលគេសម្លាប់នៅទីសត្តឃាត!ពួកគេមុខជាវេទនាពុំខានដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្មមកដល់ហើយ។
28. ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុងបាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា ព្រះអម្ចាស់ ជាព្រះនៃយើង ទ្រង់សងសឹកហើយគឺព្រះអង្គសងសឹកពួកបាប៊ីឡូនព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ!
29. ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូនចូរបោះទ័ពជុំវិញក្រុងនេះកុំឲ្យនរណាម្នាក់រត់រួចឡើយ។ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណាចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
30. «ហេតុនេះហើយបានជានៅថ្ងៃនោះយុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវរីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។