យេរេមា 31:14-22 Khmer Standard Version (KHSV)

14. យើង​នឹង​ឲ្យ​សាច់​ដ៏​ល្អៗ​ដល់ពួក​បូជា‌ចារ្យ​បរិភោគ​យ៉ាង​ស្កប់‌ស្កល់ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ដល់​ប្រជា‌រាស្ត្រ​របស់​យើង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ាជា​ទំនួញ​សោក‌សៅ និង​សម្រែក​ឈឺ​ចាប់គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូននាង​មិន​ព្រម​ឲ្យ​នរណា​លួង‌លោម​ឡើយព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិតអស់​ទៅ​ហើយ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ!ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តកូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុករបស់​ខ្មាំង​សត្រូវ​មក​វិញ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -

17. អនាគត​នាង​ពោរ‌ពេញ​ដោយ​សេចក្ដី​សង្ឃឹមព្រោះ​កូន​ចៅ​របស់​នាង​វិល​ត្រឡប់​មកទឹក​ដី​របស់​ខ្លួន​វិញ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា:“ព្រះ‌អង្គ​បាន​ដាក់​ទោស​ទូលបង្គំហើយ​ទូលបង្គំ​ក៏​ទទួល​ទោសដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។សូម​នាំ​ទូលបង្គំ​ឲ្យ​វិល​មក​វិញនោះ​ទូលបង្គំ​នឹង​វិល​មក​វិញដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់និង​ជា​ព្រះ​របស់​ទូលបង្គំ។

19. ទូលបង្គំ​វិល​មក​វិញ ទាំង​នឹក​ស្ដាយ​កំហុស។ពេល​ដឹង​ខ្លួន​ខុស​ទូលបង្គំ​ក៏​គក់​ទ្រូងនឹក​ស្ដាយ ហើយ​អៀន​ខ្មាស។ទូលបង្គំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ទូលបង្គំប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។

20. អេប្រាអ៊ីម​ជា​កូន​សម្លាញ់ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីមយើង​ចេះ​តែ​នឹក​ឃើញ​គេ​ជា‌និច្ចយើង​ខ្លោច​ចិត្ត​អាណិត​គេយើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. «ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើងចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរនាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយចូរ​វិល​ត្រឡប់​មក​វិញចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។

22. កូន​ស្រី​ដែល​បះ‌បោរ​អើយតើ​នាង​នៅ​តែ​ដើរ​តែល‌តោលដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​មួយ​ថ្មីកើត​ឡើង​នៅ​លើ​ផែនដី​នេះគឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។

យេរេមា 31