13. ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយហើយពួកយុវជន និងពួកចាស់ទុំក៏នឹងរាំយ៉ាងសប្បាយដែរ។យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេប្រែទៅជាអំណររីករាយយើងនឹងសម្រាលទុក្ខពួកគេហើយធ្វើឲ្យពួកគេមានអំណរសប្បាយឡើងវិញ។
14. យើងនឹងឲ្យសាច់ដ៏ល្អៗដល់ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ដល់ប្រជារាស្ត្ររបស់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មានឮសំឡេងយំនៅភូមិរ៉ាម៉ាជាទំនួញសោកសៅ និងសម្រែកឈឺចាប់គឺនាងរ៉ាជែលយំសោកអាណិតកូននាងមិនព្រមឲ្យនរណាលួងលោមឡើយព្រោះកូនរបស់នាងបាត់បង់ជីវិតអស់ទៅហើយ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ!ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តកូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុករបស់ខ្មាំងសត្រូវមកវិញ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
17. អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹមព្រោះកូនចៅរបស់នាងវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:“ព្រះអង្គបានដាក់ទោសទូលបង្គំហើយទូលបង្គំក៏ទទួលទោសដូចកូនគោដែលមិនទាន់ផ្សាំង។សូមនាំទូលបង្គំឲ្យវិលមកវិញនោះទូលបង្គំនឹងវិលមកវិញដ្បិតព្រះអង្គជាព្រះអម្ចាស់និងជាព្រះរបស់ទូលបង្គំ។
19. ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូងនឹកស្ដាយ ហើយអៀនខ្មាស។ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំប្រព្រឹត្តកាលនៅពីក្មេង”។
20. អេប្រាអ៊ីមជាកូនសម្លាញ់ជាកូនសំណព្វចិត្តរបស់យើង។ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីមយើងចេះតែនឹកឃើញគេជានិច្ចយើងខ្លោចចិត្តអាណិតគេយើងស្រឡាញ់គេខ្លាំងណាស់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើងចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរនាងព្រហ្មចារីអ៊ីស្រាអែលអើយចូរវិលត្រឡប់មកវិញចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
22. កូនស្រីដែលបះបោរអើយតើនាងនៅតែដើរតែលតោលដល់កាលណាទៀត? ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មីកើតឡើងនៅលើផែនដីនេះគឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
23. ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា:“អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធសូមព្រះអម្ចាស់ប្រទានពរអ្នក!”
24. អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។
25. យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។
26. ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់!
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។