យេរេមា 15:14-21 Khmer Standard Version (KHSV)

14. យើង​នឹង​ឲ្យ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយនៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះ‌ឆួល​ឡើងទាស់​នឹង​អ្នក​រាល់​គ្នា»។

15. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់សូម​នឹក​ដល់​ទូលបង្គំ​ផងសូម​យាង​មក​ជួយ​ទូលបង្គំនិង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​រង​គ្រោះដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះ‌អង្គទូលបង្គំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។

16. ពេល​ទូលបង្គំ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំពោរ‌ពេញ​ដោយ​អំណរ និង​សុភមង្គល ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយទូលបង្គំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ព្រះ‌អង្គ។

17. ទូលបង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយពួក​លេង​សើច​ឡើយគឺ​ព្រះ‌អង្គ​បង្ខំ​ទូលបង្គំ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដ្បិត​ទូលបង្គំ​ពោរ‌ពេញ​ដោយ​កំហឹងរួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

18. ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់ជា‌និច្ច​បែប​នេះ?ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំមិន​ព្រម​ជា​សះ​ដូច្នេះ?ព្រះ‌អង្គ​ពិត​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​ខក​ចិត្តដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖«ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើងនោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការយើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នកគឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។

20. យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជាកំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នកតែ​ពុំ​អាច​ឈ្នះ​អ្នក​ឡើយដ្បិត​យើង​នៅ​ជា​មួយ​អ្នកដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពីកណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់មនុស្ស​ឃោរ‌ឃៅ។

យេរេមា 15