11. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងបានលោះអ្នកដើម្បីឲ្យអ្នកបានសេចក្ដីសុខនៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្នយើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។
12. គ្មាននរណាអាចកាច់បំបាក់ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។
13. យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះយើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នក។
14. យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយនៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើងទាស់នឹងអ្នករាល់គ្នា»។
15. ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់សូមនឹកដល់ទូលបង្គំផងសូមយាងមកជួយទូលបង្គំនិងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ!សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះខ្មាំងសត្រូវនោះឡើយ។សូមជ្រាបថា ព្រោះតែព្រះអង្គទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
16. ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។
17. ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយពួកលេងសើចឡើយគឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេដ្បិតទូលបង្គំពោរពេញដោយកំហឹងរួមជាមួយព្រះអង្គដែរ។
18. ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ជានិច្ចបែបនេះ?ហេតុអ្វីបានជាមុខរបួសទូលបង្គំមិនព្រមជាសះដូច្នេះ?ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្តដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
19. ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើងនោះយើងនឹងឲ្យអ្នកវិលត្រឡប់មកបំពេញមុខងារបម្រើយើងវិញ។ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារជាជាងពោលពាក្យឥតបានការយើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នកគឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
20. យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជាកំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះពួកគេនឹងនាំគ្នាវាយប្រហារអ្នកតែពុំអាចឈ្នះអ្នកឡើយដ្បិតយើងនៅជាមួយអ្នកដើម្បីសង្គ្រោះ និងរំដោះអ្នក»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. យើងនឹងរំដោះអ្នកឲ្យរួចផុតពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់យើងនឹងដោះលែងអ្នកពីអំណាចរបស់មនុស្សឃោរឃៅ។