1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
2. ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:អ្នកណាដែលតម្រូវឲ្យស្លាប់អ្នកនោះត្រូវតែស្លាប់អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវអ្នកនោះនឹងស្លាប់ដោយមុខដាវ!អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លានអ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន!អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយអ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។
4. ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
5. យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នកគ្មាននរណាស្រណោះអ្នកគ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ
6. ដ្បិតអ្នកបានបោះបង់ចោលយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -អ្នកបានបែរខ្នងដាក់យើងហេតុនេះហើយបានជាយើងដាក់ទោសអ្នកយើងបំផ្លាញអ្នកឲ្យវិនាសយើងលែងស្ដាយស្រណោះទៀតហើយ។
7. យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានាយើងកំចាត់កំចាយពួកគេយើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាសដោយបាត់បង់កូនចៅដ្បិតពួកគេពុំព្រមងាកចេញពីផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
8. យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។យើងនឹងនាំមហន្តរាយមកលើពួកគេទាំងកណ្ដាលថ្ងៃត្រង់គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេងយើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
9. ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹមពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។រីឯអ្នកដែលនៅសេសសល់យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារដោយមុខដាវ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វីបើខ្ញុំវេទនាបែបនេះ!អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ខ្ញុំពុំបានជំពាក់ប្រាក់គេហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរតែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
11. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងបានលោះអ្នកដើម្បីឲ្យអ្នកបានសេចក្ដីសុខនៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្នយើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។
12. គ្មាននរណាអាចកាច់បំបាក់ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។
13. យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះយើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នក។
14. យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយនៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើងទាស់នឹងអ្នករាល់គ្នា»។
15. ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់សូមនឹកដល់ទូលបង្គំផងសូមយាងមកជួយទូលបង្គំនិងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ!សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះខ្មាំងសត្រូវនោះឡើយ។សូមជ្រាបថា ព្រោះតែព្រះអង្គទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
16. ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។
17. ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយពួកលេងសើចឡើយគឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេដ្បិតទូលបង្គំពោរពេញដោយកំហឹងរួមជាមួយព្រះអង្គដែរ។
18. ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ជានិច្ចបែបនេះ?ហេតុអ្វីបានជាមុខរបួសទូលបង្គំមិនព្រមជាសះដូច្នេះ?ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្តដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
19. ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖«ប្រសិនបើអ្នកវិលត្រឡប់មករកយើងនោះយើងនឹងឲ្យអ្នកវិលត្រឡប់មកបំពេញមុខងារបម្រើយើងវិញ។ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារជាជាងពោលពាក្យឥតបានការយើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នកគឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។