5. បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យអើរ៉ុន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។
6. ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយបំពាក់គ្រឿងអលង្ការដ៏វិសុទ្ធ ទៅនឹងឆ្នួតក្បាលផង។
7. បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។
8. ត្រូវហៅកូនប្រុសរបស់អើរ៉ុនមក ហើយពាក់អាវឲ្យពួកគេ។
9. ចូរក្រវាត់ខ្សែក្រវាត់ឲ្យអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។
10. ត្រូវនាំគោឈ្មោលមកខាងមុខពន្លាជួបព្រះអម្ចាស់ ហើយឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។
11. ត្រូវអារ-កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។
12. ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ ទៅលើជើងអាសនៈ។
13. ត្រូវយកខ្លាញ់ទាំងអស់ ដែលជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។
14. រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាយញ្ញបូជារំដោះបាប។
15. ត្រូវនាំចៀមឈ្មោលមួយមក ហើយឲ្យអើរ៉ុន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។
16. ត្រូវអារ-កចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។
17. ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។
18. ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។