15. ព្រះអម្ចាស់បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
16. ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រាអែល
17. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:
18. “ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអើរ
19. ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នកធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡុត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
20. គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថា ជនជាតិសាំស៊ូមីម។
21. ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់។ ព្រះអម្ចាស់បានកម្ទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្ដេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។
22. ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។
23. ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កម្ទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
24. “ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!
25. ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
26. «ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា:
27. “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្ដាំ ឬទៅឆ្វេងទេ។