1. ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?
2. ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។
3. កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូន រួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង
4. កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ ព្រះអម្ចាស់ក៏ប្រទានឲ្យគេមានជ័យជំនះលើជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។
5. នៅបេសេក ពួកគេបានជួបស្ដេចអាដូនី-បេសេក ហើយនាំគ្នាច្បាំងនឹងស្ដេចនោះ។ ពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរិស៊ីត។
6. ស្ដេចអាដូនី-បេសេកក៏រត់ភៀសខ្លួន តែត្រូវពួកគេដេញតាមចាប់បាន ហើយកាត់មេដៃ និងមេជើងរបស់ស្ដេចទៀតផង។
7. ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។
8. កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។
9. បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។
10. កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។
11. ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។
12. គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាឲ្យធ្វើជាប្រពន្ធ»។
13. ពេលនោះ លោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនលោកកាលែប វាយយកក្រុងបាន។ លោកកាលែបក៏លើកនាងអាកសា ជាកូនស្រី ឲ្យធ្វើជាភរិយារបស់គាត់។
14. ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។
15. នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកឲ្យកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកឲ្យកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម ឲ្យនាង។
16. ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។