1. គ្រានោះ ដាវីឌមានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្តីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន
2. រីឯនៅក្នុងពួកដំណាក់សូល មានអ្នកបំរើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកឯដាវីឌ រួចទ្រង់មានព្រះបន្ទូលសួរថា តើឯងឈ្មោះស៊ីបាឬអី អ្នកនោះឆ្លើយថា ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ
3. នោះស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្តីករុណានៃព្រះដល់អ្នកនោះ ស៊ីបា ទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន
4. ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ
5. នោះស្តេចដាវីឌទ្រង់ក៏ចាត់គេ ឲ្យទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក
6. ដូច្នេះ មភីបូសែត ជាបុត្រានៃយ៉ូណាថាន ដែលជាបុត្រាសូល ក៏មកឯដាវីឌទំលាក់ខ្លួនក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌទ្រង់មានព្រះបន្ទូលថា មភីបូសែតអើយ លោកក៏ទូលឆ្លើយថា បពិត្រព្រះករុណាវិសេស
7. នោះដាវីឌមានព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសំដែងសេចក្តីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯងខ្លួនអ្នក និងបរិភោគនៅតុជាមួយនឹងយើងជានិច្ច
8. នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបំរើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។
9. ស្តេចទ្រង់ក៏មានព្រះបន្ទូលហៅស៊ីបា ជាបាវបំរើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល និងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ
10. ត្រូវឲ្យឯងភ្ជួររាស់ស្រែចំការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបំរើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមក ជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែ ឯមភីបូសែត ជាបុត្រាចៅហ្វាយឯងលោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបា មានកូនប្រុស១៥នាក់ និងបាវ២០នាក់