២ សាំយូអែល 7:15-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ប៉ុន្តែ សេចក្តី​សប្បុរស​របស់​អញ មិន​ដែល​ឃ្លាត​ចេញ​ពី​វា ដូច​ជា​អញ​បាន​ដក​ចេញ​ពី​សូល ដែល​អញ​បាន​ចោល​ពី​មុខ​ឯង​ចេញ​នោះ​ឡើយ។

16. នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ

17. ណាថាន់​ក៏​ទូល​នឹង​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល ហើយ​តាម​ករ​ជាក់​ស្តែង​ទាំង​នោះ​គ្រប់​ជំពូក។

18. នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​យាង​ចូល​ទៅ គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ

19. ប៉ុន្តែ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ នេះ​ជា​ការ​យ៉ាង​តូច​នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពូជ‌ពង្ស​នៃ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ យ៉ាង​នោះ តើ​ត្រូវ​តាម​របៀប​របស់​មនុស្ស​ឬ

20. តើ​ដាវីឌ​ទូល‌បង្គំ​នេះ និង​ទូល​ទ្រង់​បាន​ដូច​ម្តេច​ទៅ​ទៀត ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ហើយ

21. ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​ទាំង​នេះ ឲ្យ​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង ដោយ​យល់​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់​ទេ ហើយ​ក៏​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ផង

22. ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​ធំ​ណាស់ គ្មាន​ណា​ឲ្យ​ស្មើ​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ

23. តើ​មាន​សាសន៍​ឯ​ណា​មួយ​នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ព្រះ​បាន​យាង​ទៅ លោះ​ចេញ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ហើយ​នឹង​ប្រោស​ការ​យ៉ាង​ធំ​ដល់​គេ ហើយ​ការ​គួរ​ស្ញែង​ខ្លាច​សំរាប់​ស្រុក​គេ នៅ​មុខ​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​រួច​ពី​សាសន៍​ដទៃ​ហើយ​នឹង​ព្រះ​របស់​គេ​ផង

24. ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ

25. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក ពី​ដំណើរ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​ជាប់​ជានិច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សំរេច ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​នោះ​ចុះ

26. សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បំរើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់

27. ពី​ព្រោះ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​វង្សា​ឯង​ឡើង ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ក្លាហាន និង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ទ្រង់

28. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់

២ សាំយូអែល 7