13. កាលពួកអ្នកដែលសែងហឹបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ និងកូនគោ១យ៉ាងធាត់
14. ដាវីឌក៏លោតកញ្ឆេងអស់ពីកំឡាំងទ្រង់ នៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស
15. ដូច្នេះ ដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង និងសូរផ្លុំត្រែផង។
16. ក្នុងវេលាដែលហឹបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់
17. គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា