1. រួចមកដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់
2. រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន
3. គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូន អ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
4. គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង
5. ឯដាវីឌ និងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។
6. លុះគេបានទៅដល់លានស្រូវរបស់ណាកុន ហើយនោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង
7. ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ
8. ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
9. នៅថ្ងៃនោះ ដាវីឌក៏មានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន
10. យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ
11. ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដំម ពីក្រុងកាថានោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដំម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។
12. មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដំម និងរបស់គាត់ទាំងអស់ ដោយព្រោះហឹបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ
13. កាលពួកអ្នកដែលសែងហឹបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ និងកូនគោ១យ៉ាងធាត់