2. កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយ ដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង
3. គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
4. កាលដាវីឌបានទទួលគ្រងរាជ្យ នោះទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ក៏សោយរាជ្យបាន៤០ឆ្នាំ
5. គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡិម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាផង បាន៣៣ឆ្នាំ។
6. នៅគ្រានោះស្តេច ហើយនឹងពួកទ័ពទ្រង់ ក៏ទៅឯក្រុងយេរូសាឡិម ច្បាំងនឹងសាសន៍យេប៊ូស ដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកំចាត់ឯងបានដែរ ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ
7. ប៉ុន្តែ ដាវីឌទ្រង់ចាប់យកបានទីមាំមួនឈ្មោះស៊ីយ៉ូន (នេះហើយដែលហៅថា ទីក្រុងរបស់ដាវីឌ)
8. នៅថ្ងៃនោះ ដាវីឌបានមានព្រះបន្ទូលថា បើអ្នកណានឹងវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង ដែលចិត្តយើងខ្ពើមទាំងម៉្លេះ ដោយព្រោះពួកកង្វាក់ ហើយពួកកង្វិនបាននិយាយថា វាចូលមកមិនបានទេ
9. រួចទ្រង់ក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាជាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង
10. ដាវីឌទ្រង់ក៏ចំរើនកាន់តែខ្លាំងឡើង ដោយព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារទ្រង់គង់ជាមួយ។
11. រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារឲ្យទៅឯដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម ហើយនឹងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយដាវីឌ
12. នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកដំកើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
13. គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡិមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង
14. ឯបុត្រាទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡិមមាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15. យីបហារ អេលីសួរ នេផេក យ៉ាភា
16. អេលីសាម៉ា អេលាដា ហើយនឹងអេលីផាលេត។
17. កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេច លើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន