២ សាំយូអែល 5:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ពូជ​អំបូរ​នៃ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា​មួយ​នឹង​ទ្រង់​ដែរ

2. កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​លើ​ទូល‌បង្គំ​គ្រប់​គ្នា នោះ​គឺ​ទ្រង់​ហើយ ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ១​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទ្រង់​ថា ត្រូវ​ឲ្យ​ឯង​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល​ផង

3. គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ

4. កាល​ដាវីឌ​បាន​ទទួល​គ្រង‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយ‌រាជ្យ​បាន​៤០​ឆ្នាំ

5. គឺ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​ពួក​យូដា នៅ​ហេប្រុន​អស់​៧​ឆ្នាំ​៦​ខែ ឯ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ផង បាន​៣៣​ឆ្នាំ។

6. នៅ​គ្រា​នោះ​ស្តេច ហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើល‌ងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ

7. ប៉ុន្តែ ដាវីឌ​ទ្រង់​ចាប់​យក​បាន​ទី​មាំ‌មួន​ឈ្មោះ​ស៊ីយ៉ូន (នេះ​ហើយ​ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ)

8. នៅ​ថ្ងៃ​នោះ ដាវីឌ​បាន​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​នឹង​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង ដែល​ចិត្ត​យើង​ខ្ពើម​ទាំង​ម៉្លេះ ដោយ​ព្រោះ​ពួក​កង្វាក់ ហើយ​ពួក​កង្វិន​បាន​និយាយ​ថា វា​ចូល​មក​មិន​បាន​ទេ

9. រួច​ទ្រង់​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ជា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំវិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង

10. ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។

11. រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ

12. នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។

13. គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក‌ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង

14. ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម​មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូ‌ម៉ូន

២ សាំយូអែល 5