27. កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
28. កាលដាវីឌបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ឯអញហើយនឹងរាជ្យអញឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ
29. សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ និងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណា ក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើង
30. គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនលោកបានសំឡាប់អ័ប៊ីនើរទៅ ដោយព្រោះសំឡាប់អេសាអែលជាប្អូន នៅក្នុងចំបាំងត្រង់គីបៀន។
31. គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
32. គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ
33. ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី
34. ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំ និងលោកម្តងទៀត
35. នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ
36. ពួកបណ្តាជនទាំងឡាយក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ
37. ដូច្នេះ នៅថ្ងៃនោះបណ្តាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសំឡាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ
38. ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើមិនដឹងទេឬអី ថានៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ
39. ហើយនៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើង ឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ។