២ សាំយូអែល 3:26-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។

27. កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

28. កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​អញ​ហើយ​នឹង​រាជ្យ​អញ​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ដរាប​ទៅ

29. សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើង

30. គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ និង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។

31. គ្រា​នោះ ដាវីឌ​ទ្រង់​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្តា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា​មួយ​នឹង​លោក​ថា ចូរ​ឯង​រាល់​គ្នា​ហែក​សំលៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ ឯ​ដាវីឌ​ទ្រង់​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ

32. គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ទ្រង់​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ

33. ទ្រង់​ទួញ​ទំនួញ​នឹង​អ័ប៊ី‌នើរ​ថា តើ​គួរ​ឲ្យ​អ័ប៊ី‌នើរ​ស្លាប់ ដូច​ជា​មនុស្ស​លី‌លា​ដូច្នេះ​ឬ​អី

34. ដៃ​ឯង​ឥត​ជាប់​ចំណង ហើយ​ជើង​ក៏​ឥត​ជាប់​ច្រវាក់​ដែរ ឯង​បាន​ដួល​ស្លាប់ ដូច​ជា​មនុស្ស​ដែល​ត្រូវ​ដួល​ស្លាប់ ដោយ‌សារ​ពួក​ទុច្ចរិត រួច​បណ្តា‌ជន​ទាំង​អស់​គ្នា ក៏​យំ និង​លោក​ម្តង​ទៀត

35. នោះ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ដាវីឌ​ទ្រង់​ស្បថ​ថា បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ

36. ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឃើញ ហើយ​ការ​នោះ​បាន​ពេញ​ចិត្ត​ដល់​គេ ដូច​ជា​គ្រប់​ការ​ទាំង​អស់​ដែល​ស្តេច​ធ្វើ ក៏​ត្រូវ​ចិត្ត​គេ​ដែរ

37. ដូច្នេះ នៅ​ថ្ងៃ​នោះ​បណ្តា‌ជន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សំឡាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​អំពី​ស្តេច​ទេ

38. ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​មិន​ដឹង​ទេ​ឬ​អី ថា​នៅ​ថ្ងៃ​នេះ មាន​មេ​ជា​អ្នក​ធំ​ម្នាក់ ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ដួល​ស្លាប់​ហើយ

39. ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។

២ សាំយូអែល 3